
អ្នកប្រហែលជាគិតថា
ការធ្វើជំនួញ ឬការរកស៊ី មិនត្រូវការការអប់រំ ឬចំណេះដឹងជ្រៅជ្រះអ្វីនោះទេ
ពោលគឺឱ្យតែបុគ្គលមានដើមទុន មានភាពក្លាហាន ហ៊ានប្រថុយ ចេញរកស៊ី
នោះអាជីវកម្មនឹងប្រព្រឹត្តទៅបាន។ ប៉ុន្តែតាមពិតទៅ
នៅពីក្រោយភាពជោគជ័យរបស់សហគ្រិនម្នាក់ៗ គឺសុទ្ធតែកើតឡើងពីការរៀនសូត្រមិនឈប់ឈររបស់ពួកគេ។
ការធ្វើអាជីវកម្មមួយ មិនមែនជារឿងងាយស្រួលនោះទេ
ហើយមិនមែនគ្រប់គ្នាដែលមានទុនរកស៊ី សុទ្ធតែអាចទទួលជោគជ័យនោះឡើយ
បើសិនជាពួកគេគ្មានចំណេះដឹងមូលដ្ឋានច្បាស់លាស់។ សហគ្រិនដែលពូកែ
ត្រូវតែជាអ្នកដែលឆ្លងកាត់ការសិក្សារៀនសូត្របានខ្ពស់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ
និងគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។ ពួកគេត្រូវមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា
ឬឧបសគ្គនានាដែលធ្វើឱ្យរាំងស្ទះដល់ជំនួញរបស់ពួកគេ។
បើគ្រាន់តែបើកដំណើរការអាជីវកម្មមួយ ហើយគ្មានការពង្រឹងសមត្ថភាពរបស់ខ្លួន
មិនខ្វល់សិក្សាពីចំណុចខ្សោយរបស់អាជីវកម្មខ្លួន ច្បាស់ណាស់ថាអាជីវកម្មនឹងមានបញ្ហា
ហើយគ្មានការរីកចម្រើនទៅមុខ។
មួយវិញទៀត សហគ្រិនត្រូវរៀនសូត្រគ្រប់ពេលវេលា
គឺរៀនសូត្រដោយគ្មានទីបញ្ចប់ ទៅតាមភាពជឿនលឿននៃបច្ចេកវិទ្យា ក៏ដូចជារបត់សង្គម។
ពិភពលោកចេះតែអភិវឌ្ឍទៅមុខជានិច្ច បច្ចេកវិទ្យាក៏កាន់តែរីកចម្រើន
ទំនោររបស់មនុស្សក្នុងការរស់នៅក៏កាន់តែប្រែប្រួលតាមពេលវេលា។ ហេតុនេះហើយ
ដើម្បីធានានិរន្តរភាពនៃមុខជំនួញ សហគ្រិនត្រូវយល់ដឹងពីបច្ចេកវិទ្យាថ្មីៗ
និងស្វែងយល់ពីនិន្នាការរបស់ពិភពលោកផងដែរ។
ដូច្នេះហើយ សហគ្រិនដែលជោគជ័យ គេមិនដែលបញ្ឈប់ការរៀនសូត្រនោះទេ
ព្រោះការឈប់រៀន ប្រៀបដូចការឈប់ធ្វើអាជីវកម្មដូច្នោះដែរ៕
ប្រភព៖ Never Stop Learning