
ការរៀនអនឡាញ
បានក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់វិស័យអប់រំនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងសកលលោក
សូម្បីតែប្រទេសកម្ពុជាយើងដែលមិនដែលអនុវត្តវិធីរៀនអនឡាញកាលពីមុនមកសោះ ក៏បានចាប់ផ្ដើមរើសយកការរៀនតាមឡាញនេះ
ដើម្បីបន្តការសិក្សាអប់រំក្នុងពេលសាលាបិទទ្វារព្រោះវិបត្តិកូវីដ។
ការផ្លាស់ប្ដូរពីការរៀនដោយផ្ទាល់នៅក្នុងថ្នាក់ មកជាការរៀនតាមអនឡាញ
គឺជារបត់មួយដែលទាមទារឱ្យសិស្ស-និស្សិត
ត្រូវធ្វើការសម្របខ្លួនឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេ គុណភាពនៃការអប់រំនឹងមានការថយចុះជាមិនខាន។
យ៉ាងណាមិញ ការរៀនតាម អនឡាញ
មានទាំងគុណសម្បត្តិ និងគុណវិបត្តិ៖
គុណសម្បត្តិ៖
·
អាចបត់បែនពេលវេលារៀនសូត្រទៅតាមកាលៈទេសៈរបស់ខ្លួន៖
សិស្សមានភាពងាយស្រួលក្នុងការដាក់ពេលវេលារៀនសូត្រទៅតាមពេលទំនេររបស់ខ្លួន
ដោយមិនចាំបាច់បារម្ភថាខ្លួននឹងខកខានការរៀនសូត្រដូចពេលរៀននៅក្នុងថ្នាក់ឡើយ
ពោលគឺសិស្សអាចរៀននៅពេលណាក៏បានតាមរយៈវីដេអូបង្រៀនរបស់គ្រូ ឬឯកសារផ្សេងៗ។

·
អាចរៀនពីកន្លែងណាក៏បាន៖
ខុសពីការរៀននៅក្នុងថ្នាក់ដែលសិស្សត្រូវទៅដល់សាលា ទោះខ្លួននៅជិតឬឆ្ងាយពីសាលាយ៉ាងណា
ការរៀនតាមអនឡាញមិនប្រកាន់ទីកន្លែងនោះទេ គឺឱ្យតែមាន សេវាអ៊ីនធើណិត សិស្សនឹងអាចរៀនបានហើយ
ដោយមិនចាំបាច់ធ្វើដំណើរពីទីតាំងដែលខ្លួនកំពុងស្ថិតនៅនោះឡើយ។

·
រៀនតាមរបៀបថ្មីៗនៃបច្ចេកវិទ្យា៖
យើងប្រហែលជាគិតថា ការរៀនតាមអនឡាញធ្វើឱ្យយើងរៀនបានតិចជាងមុន
ប៉ុន្តែតាមពិតទៅ មិនដូច្នោះទេ។ ការរៀនអនឡាញ នឹងធ្វើឱ្យយើងចេះរៀនតាមរយៈការមើលវីដេអូ
ការអានអត្ថបទ ឬសៀវភៅនៅលើគេហទំព័រ ស្គាល់ និងចេះស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងមុខជំនាញដែលខ្លួនរៀនតាមអេប
ឬវេបសាយនានា។
គុណវិបត្តិ៖
·
បញ្ហាគ្រប់គ្រងពេលវេលារៀនសូត្រ៖
ថ្វីបើការរៀនអនឡាញ
ធ្វើឱ្យសិស្សមានភាពងាយស្រួលក្នុងការបត់បែនពេលវេលារៀនសូត្រតាមចិត្តក៏ពិតមែន
ចំណុចនេះក៏អាចក្លាយជាបញ្ហាចោទផងដែរសម្រាប់អ្នកដែលមិនចេះបែងចែកពេលវេលារៀនសូត្រឱ្យបានច្បាស់លាស់។
ការរៀននៅក្នុងថ្នាក់ ទោះចង់រៀនឬមិនចង់ សិស្សត្រូវតែបង្ខំចិត្តទៅរៀនតាមកាលវិភាគកំណត់
ប៉ុន្តែការរៀនអនឡាញវិញ បើសិស្សមិនបានតាំងចិត្តរៀនឱ្យបានមុតមាំ
គ្មានវិន័យក្នុងការរៀនសូត្រឱ្យបានទៀងទាត់ដោយខ្លួនឯងនោះទេ
ការសិក្សារបស់គេនឹងធ្លាក់ចុះជាមិនខាន។

·
ការជំរុញទឹកចិត្តក្នុងការរៀន៖ ដូចដែលយើងដឹងហើយថា
ការរៀននៅក្នុងថ្នាក់ មានការដាក់កំហិតពីសំណាក់គ្រូបង្រៀន មានការពិភាក្សា
ផ្លាស់ប្ដូរយោបល់ជាមួយមិត្តភក្ដិលើមេរៀន មានការធ្វើលំហាត់ ការសួរនាំពីគ្រូ
ទាំងអស់នេះសុទ្ធសឹងតែជាការជំរុញចិត្តឱ្យសិស្សប្រឹងប្រែងរៀនសូត្រ។
ប៉ុន្តែការរៀនតាមអនឡាញ សិស្សរៀនតែម្នាក់ឯង ការទំនាក់ទំនងជាមួយសិស្សដទៃនិងគ្រូត្រូវបានកាត់បន្ថយឬសឹងតែគ្មាន
ដូច្នេះសិស្សខ្លះអាចនឹងកាន់តែខ្ជិលច្រអូស គ្មានស្មារតីខិតខំរៀនសូត្រដោយខ្លួនឯង។

·
បញ្ហាចំពោះអ្នកអានយឺត៖ ការរៀនអនឡាញទាមទារឱ្យសិស្សអានច្រើនជាងរៀនផ្ទាល់នៅក្នុងថ្នាក់
ព្រោះមិនមានគ្រូចាំពន្យល់ ឬអាចឱ្យសិស្សសួរនាំដូចរៀននៅក្នុងថ្នាក់នោះទេ។ ដូច្នេះហើយ
ចំពោះសិស្សដែលមិនពូកែអាន ពួកគេនឹងជួបឧបសគ្គក្នុងការរៀនអនឡាញនេះជាងសិស្សដែលពូកែអាន។
·
បញ្ហាចំពោះអ្នកមិនសូវចេះបច្ចេកវិទ្យា
ឬកុំព្យូទ័រ៖ ការរៀនអនឡាញ
ច្បាស់ណាស់ទាមទារឱ្យសិស្សចេះប្រើប្រាស់បច្ចេកវិទ្យា ឬយ៉ាងហោចណាស់ចេះកុំព្យូទ័រ
ដើម្បីងាយស្រួលក្នុងការរៀន
សូត្រដោយខ្លួនឯង។ ចំពោះសិស្សដែលមិនសូវចេះកុំព្យូទ័រ ឬបច្ចេកវិទ្យា
ពួកគេអាចនឹងជួបបញ្ហារាំងស្ទះខ្លះៗក្នុងពេលរៀនតាមអនឡាញនេះ។
ប្រភព៖ Opentextbc