
យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា
ដើម្បីក្លាយជាអ្នកចូលចិត្តអានសៀវភៅ យើងត្រូវបណ្ដុះទម្លាប់ក្នុងការអានជាប្រចាំ។
ប៉ុន្តែការបង្កើតទម្លាប់អានសៀវភៅឱ្យមានប្រសិទ្ធភាព មិនមែនជារឿងងាយនោះទេ។ ខាងក្រោមនេះជាគន្លឹះ
៥យ៉ាងដែលអាចជួយធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានទម្លាប់អានសៀវភៅយ៉ាងទៀងទាត់៖
១. កំណត់ចំនួនទំព័រត្រូវអានប្រចាំថ្ងៃ

ជំហានដំបូងក្នុងការបង្កើតទម្លាប់អានសៀវភៅ
គឺត្រូវកំណត់ចំនួនទំព័រសមស្របណាមួយសម្រាប់អានប្រចាំថ្ងៃ។ នេះជាការដាក់កំហិតមួយដែលអ្នកត្រូវតែធ្វើឱ្យបានជារៀងរាល់ថ្ងៃ។
ដំបូងៗឡើយអ្នកអាចកំណត់ត្រឹមបរិមាណតិចទំព័រសម្រាប់អានសិនចុះ នៅពេលណាដែលអ្នកគិតថា
អ្នកអាចអានបានច្រើនទំព័រជាងនេះ អ្នកអាចបង្កើនចំនួនទំព័រក្នុងការអានទៅតាមនោះ។
២.
អានឱ្យបានទៀងទាត់នៅម៉ោងដដែលជារៀងរាល់ថ្ងៃ

ការកំណត់ម៉ោងពេលក្នុងការអាន
ក៏សំខាន់ដែរសម្រាប់បណ្ដុះទម្លាប់អានសៀវភៅឱ្យមានប្រសិទ្ធភាព។ បើអ្នកអាននៅម៉ោងណា
អ្នកត្រូវប្រាកដថា អ្នកអាចអានសៀវភៅនៅវេលានោះជារៀងរាល់ថ្ងៃ
ឬអាចលើកលែងថ្ងៃសម្រាកនាចុងសប្ដាហ៍ អាស្រ័យលើការសម្រេចចិត្តរបស់អ្នក។
ដូច្នេះរាល់ថ្ងៃ ឱ្យតែដល់ម៉ោងអានសៀវភៅ អ្នកត្រូវតែអានសៀវភៅ
មិនត្រូវធ្វើអ្វីផ្សេងនោះទេ។
៣. បង្កើតទម្លាប់អាននៅចន្លោះសកម្មភាពប្រចាំថ្ងៃពីរ

មានវិធីសាស្ត្រមួយទៀតក៏មានប្រសិទ្ធភាពខ្ពស់ណាស់ដែរក្នុងការជួយឱ្យអ្នកមានទម្លាប់អានសៀវភៅ
នោះគឺអ្នកត្រូវអានសៀវភៅនៅចន្លោះរវាងសកម្មភាពប្រចាំថ្ងៃពីរផ្សេងទៀតដែលអ្នកត្រូវធ្វើ។
ឧទាហរណ៍ថា បន្ទាប់ពីក្រោកពីដំណេក អ្នកត្រូវងូតទឹក រួចទៅញ៉ាំអាហារពេលព្រឹក
ដូចនេះអ្នកអាចរើសយកពេលអានសៀវភៅក្រោយអ្នកងូតទឹករួច មុននឹងទៅញ៉ាំអាហារ មានន័យថា
បន្ទាប់ពីងូតទឹករួច អ្នកត្រូវអានសៀវភៅ ហើយសឹមទៅញ៉ាំអាហារពេលព្រឹក។
ការអានសៀវភៅនៅចន្លោះសកម្មភាពចាំបាច់ពីរបែបនេះ
នឹងជួយឱ្យវាក្លាយជាទម្លាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
៤.
បង្កើតទម្លាប់អានក្នុងស្ថានភាពដដែលៗ

គន្លឹះមួយទៀតក្នុងការបង្កើតទម្លាប់អានឱ្យមានប្រសិទ្ធភាពលឿន
គឺត្រូវអាននៅក្នុងស្ថានភាពមួយចំនួនដូចជា ពេលជិះឡានឬរថភ្លើង ពេលរង់ចាំនរណាម្នាក់
ពេលញ៉ាំកាហ្វេម្នាក់ឯង ជាដើម។ គឺរាល់ពេលដែលយើងស្ថិតនៅក្នុងស្ថានភាពទាំងនោះ
យើងតែងតែទាញសៀវភៅមកអាន។ ហេតុនេះហើយទើបគេណែនាំឱ្យយើងមានសៀវភៅជាប់ខ្លួនជានិច្ចនោះ។
៥.
ទម្លាប់អាននៅពេលអផ្សុក

ការអាន ក៏មានតួនាទីជួយលំហែអារម្មណ៍យើងបានផងដែរ
ដូច្នេះវាជាការល្អណាស់ បើយើងចាប់សៀវភៅអាន នៅរាល់ពេលដែលយើងមានអារម្មណ៍អផ្សុក
ហើយមិនដឹងថាត្រូវធ្វើអ្វីដើម្បីបំបាត់ភាព
អផ្សុក។ អានសៀវភៅ គ្រប់ពេលដែលយើងអផ្សុក យើងនឹងក្លាយជាមនុស្សដែលមានទម្លាប់អានសៀវភៅដោយមិនដឹងខ្លួន។
ចូរសាកល្បងអនុវត្តវិធីទាំង ៥
ខាងលើនេះទាំងអស់គ្នា ហើយចាំសង្កេតមើលថា
យើងក្លាយជាមនុស្សថ្មីម្នាក់ដែលមានទម្លាប់អានសៀវភៅកម្រិតណា!
ប្រភព៖ Dansilvestre