អ្វីខ្លះដែលអ្នកត្រូវដឹងមុននឹងរើសជំនាញរៀននៅមហាវិទ្យាល័យ?

Feb 24, 2021 | 17:19 0 views

បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប វាក៏ដល់ពេលវេលាដែលអ្នកត្រូវសម្រេចចិត្តជ្រើសរើសជំនាញសម្រាប់រៀនបន្តនៅថ្នាក់មហាវិទ្យាល័យ។ មនុស្សជាច្រើនបានចាត់ទុកថា វាជាការសម្រេចចិត្តដ៏ពិបាកមួយ ហើយអ្នកខ្លះក៏បានសម្រេចរើសជំនាញមួយយ៉ាងប្រថុយប្រថាន ឬរើសតាមការចង់បានរបស់ឪពុកម្ដាយ និងក្រុមគ្រួសារ។


ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកគប្បីសួរខ្លួនឯងនូវសំណួរ 3 ដូចខាងក្រោម មុននឹងសម្រេចចិត្តរើសជំនាញរៀននៅមហាវិទ្យាល័យ៖

1.   ហេតុអ្វីបានជាអ្នករើសយកជំនាញនេះ?

          ការរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ គួរតែជាមុខវិជ្ជាដែលអ្នកស្រឡាញ់ និងចង់រៀនដោយចិត្តខ្លួនឯង មិនមែនជាការរើសតាមឪពុកម្ដាយ ឬតាមអ្នកដទៃនោះទេ។ ពួកគេអាចជួយផ្ដល់យោបល់ឱ្យអ្នកបាន តែការសម្រេចរបស់អ្នកត្រូវផ្អែកតាមចិត្តរបស់អ្នកផ្ទាល់ ថាអ្នកខ្លួនឯងស្រឡាញ់ជំនាញអ្វី ក៏រើសយកតាមបេះដូងខ្លួនឯងទៅ ព្រោះគ្មានអ្នកណានឹងរៀនជំនួសអ្នកឡើយ។


2.   តើអ្នកបានដឹងអ្វីខ្លះពីជំនាញដែលអ្នករើសនេះ?

          បន្ទាប់ពីដឹងថាខ្លួនស្រឡាញ់ជំនាញអ្វីហើយ អ្នកត្រូវសួរខ្លួនឯងថា អ្នកបានដឹងអ្វីខ្លះពីជំនាញដែលអ្នកមានបំណងនឹងរើសនោះ។ តើការសិក្សាជំនាញនោះមានរយៈពេលប៉ុន្មានឆ្នាំ? តើមុខជំនាញនោះនឹងសិក្សាអំពីអ្វីខ្លះ? តើមានសាលាណាខ្លះដែលមានមុខជំនាញនោះ? តើតម្លៃក្នុងការសិក្សាជំនាញនោះមានតម្លៃប៉ុន្មាន? ចេញពីជំនាញនោះ តើអ្នកអាចរៀនអ្វីបន្តបានខ្លះ ឬអាចធ្វើការអ្វីខ្លះបាន?


3.   តើអ្នកចង់ក្លាយជាអ្វីនៅថ្ងៃអនាគត?

          គោលដៅនៅថ្ងៃអនាគតរបស់អ្នក ជាកត្តាសំខាន់ណាស់ដល់ការសម្រេចចិត្តរើសយកមុខជំនាញរៀននៅមហាវិទ្យាល័យ។ អ្នកចង់ក្លាយជាអ្វីនៅថ្ងៃមុខ អ្នកត្រូវរើសយកជំនាញតាមនោះដែរ គឺអ្នកត្រូវដឹងថា ជំនាញមួយណាដែលអាចនាំអ្នកទៅដល់គោលដៅរបស់អ្នកបាន។


ការរើសជំនាញរៀននៅមហាវិទ្យាល័យពិតជាមានសារៈសំខាន់ណាស់សម្រាប់អនាគត អ្នកត្រូវធ្វើការសម្រេចចិត្តឱ្យបានម៉ត់ចត់។ ក្ដីស្រមៃរបស់យើងម្នាក់ៗខុសៗគ្នា អ្នកគួរតែរើសរៀនជំនាញណាដែលអ្នកស្រឡាញ់ អាចនាំឱ្យអ្នកសម្រេចក្ដីស្រមៃបាន តែក៏ត្រូវសមស្របនឹងលក្ខខណ្ឌនៃជីវិតរស់នៅរបស់       អ្នកផងដែរ។

ប្រភព៖ Aseanop

 

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.