ស្ថិតក្នុងសម័យបច្ចេកវិទ្យាកំពុងរីកចម្រើនឥតឈប់ឈរ
មនុស្សយើងជាច្រើនមានទូរសព្ទដៃ ឬ កុំព្យូទ័រប្រើប្រាស់ដើម្បីសម្រួលដល់តម្រូវការសិក្សា ការងារ
ឬការកំសាន្តផ្សេងៗ។ ទន្ទឹមនឹងនេះ យើងក៏សង្កេតឃើញថា
ផលប៉ះពាល់ដែលបណ្ដាលមកការសម្លឹងអេក្រង់ទូរសព្ទ ឬអេក្រង់កុំព្យូទ័រទៅលើភ្នែក មានការកើនឡើងគួរឱ្យកត់សម្គាល់។

“Digital Eye Strain”
ជាភាសាបច្ចេកទេសពេទ្យដែលសំដៅដល់បញ្ហាភ្នែកដែលបណ្ដាលមកពីការសម្លឹងមើលអេក្រង់ទូរសព្ទ
ឬកុំព្យូទ័រយូរពេក។ រោគសញ្ញារបស់វាមានដូចជា ចុករោយគ្រាប់ភ្នែក ក្ដៅភ្នែក
ក្រហាយដល់ចេញទឹកភ្នែក ស្រវាំងភ្នែក ឬអាចបណ្ដាលឱ្យឈឺក្បាល ចុករោយក និងស្មាជាដើម។ Digital Eye Strain នេះមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ
ប៉ុន្តែវានឹងរំខានយើងម្ដងហើយម្ដងទៀត បើយើងមិនមានវិធីការពារភ្នែករបស់យើងបានល្អ។

ខាងក្រោមនេះគឺជាវិធីការពារភ្នែករបស់អ្នកពីអេក្រង់ទូរសព្ទ
ឬកុំព្យូទ័រ កុំឱ្យមានបញ្ហា Digital
Eye Strain៖
1.
បើអ្នកសម្លឹងអេក្រង់
២០នាទីជាប់គ្នា ត្រូវងាកចេញពីអេក្រង់ ហើយសម្លឹងទៅចំណុចមួយផ្សេងដែលស្ថិតនៅចម្ងាយ ២០
Feets ពីអ្នក ក្នុងរយៈពេល
២០វិនាទី ឬអាចលើសពីនេះ ដើម្បីឱ្យភ្នែកមានពេលសម្រាកខ្លះ។
2.
ពន្លឺនៅក្នុងបន្ទប់
ឬកន្លែងដែលអ្នកកំពុងស្ថិតនៅ ត្រូវភ្លឺល្មមសមរម្យអាចឱ្យអ្នកមើលអេក្រង់ទូរសព្ទ
ឬកុំព្យូទ័របានស្រួលត្រជាក់ភ្នែក។ ពន្លឺភ្លឺពេក
មិនមែនជាជម្រើសល្អសម្រាប់សុខភាពភ្នែករបស់អ្នកនៅពេលអ្នកសម្លឹងអេក្រង់នោះទេ។

3.
ប្រើអេក្រង់ដែលមាន Resolution
ខ្ពស់ អាចជួយឱ្យអ្នកមិនបាច់ប្រឹងក្នុងការសម្លឹងមើលអក្សរ
ឬរូបភាពលើអេក្រង់។

4.
សម្របសម្រួលពន្លឺក្នុងទូរសព្ទ
ឬក្នុងកុំព្យូទ័ររបស់អ្នកដោយដាក់ឱ្យពន្លឺសម្របសម្រួលដោយស្វ័យប្រវត្តិតាមបរិយាកាសខាងក្រៅ
ឬអ្នកអាចកំណត់ដោយខ្លួនឯងដោយបន្ថយពន្លឺអេក្រង់ពេលនៅក្នុងផ្ទះ
និងដំឡើងពន្លឺពេលស្ថិតនៅបរិយាកាសខាងក្រៅ។ ប្រើ Night Mode ក៏ជាជម្រើសដ៏ល្អមួយសម្រាប់ពេលយប់។

5.
កំណត់ទំហំអក្សរនៅក្នុងទូរសព្ទ
ឬកុំព្យូទ័រឱ្យសមល្មមនឹងគំហើញនៃភ្នែករបស់អ្នក។

6.
កុំដាក់ភ្នែកនៅជិតអេក្រង់ទូរសព្ទ
ឬកុំព្យូទ័រពេក។ បើមើលមិនឃើញច្បាស់ ត្រូវដំឡើងទំហំអក្សរវិញទើបជាការប្រសើរ។

7. កុំសម្លឹងមើលអេក្រង់ទូរសព្ទ
ឬកុំព្យូទ័ររហូតភ្លេចព្រិចភ្នែក។ ការព្រិចភ្នែកអាចជួយឱ្យភ្នែកមានសំណើម
និងកាត់បន្ថយការចុករោយគ្រាប់ភ្នែក។

8.
ពាក់វ៉ែនតាការពារការប៉ះពាល់ពីពន្លឺនៃអេក្រង់ទូរសព្ទ
ឬកុំព្យូទ័រ។

9.
ប្រើថ្នាំបន្តក់ភ្នែកដែលការពារមិនឱ្យភ្នែកស្ងួត។

ប្រភព៖
Kraff Eye Institute, Kraffeye