យើងដឹងហើយថា
ការអានពិតជាមានប្រយោជន៍ណាស់សម្រាប់ការរៀនសូត្រ ពោលគឺ អានច្រើន ចេះច្រើន។ យ៉ាងណាមិញ
សៀវភៅមានច្រើនប្រភេទ ហើយសៀវភៅខ្លះមិនទាក់ទងនឹងជំនាញដែលយើងរៀននោះទេ។
ដូច្នេះតើយើងគួរអានសៀវភៅផ្សេងៗក្រៅពីជំនាញរបស់យើងដែរទេ?
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការអានសៀវភៅក្រៅជំនាញសិក្សានៅសាលាដែលយើងអាចមើលរំលង៖
1. ទទួលបានចំណេះដឹងទូទៅបន្ថែម
ការអានសៀវភៅក្រៅជំនាញ
នឹងធ្វើឱ្យអ្នកទទួលបាននូវចំណេះដឹងកាន់តែទូលំទូលាយបន្ថែមពី
លើជំនាញដែលអ្នកសិក្សា។ ក្នុងការរស់នៅជាក់ស្ដែង
អ្នកមិនអាចត្រឹមតែធ្វើការតែម្យ៉ាងនោះទេ គឺអ្នកត្រូវចេះរស់នៅឱ្យចុះចំណោម
ចេះបត់បែនតាមកាលៈទេសៈ ប្រឈមមុខនឹងបញ្ហា ឬការបរាជ័យរាប់មិនអស់ ដែលទាំងអស់នេះ
វាទាមទារឱ្យអ្នកមានភាពវ័យឆ្លាតក្នុងការដោះស្រាយ មានការយល់ដឹងពីជីវិតឱ្យបានច្រើន។
ការចេះដឹងទាំងអស់នេះមួយផ្នែកបានមកពីការអានសៀវភៅគ្រប់ប្រភេទនោះហើយ។

2. ជាការកំសាន្តដ៏ស្ងប់ស្ងាត់
សម្រាប់មនុស្សមួយចំនួន
ការអានសៀវភៅក្រៅជំនាញប្រៀបដូចជាការកំសាន្តដ៏ស្ងប់ស្ងាត់របស់ពួកគេ។
ពួកគេអានសៀវភៅរៀងរាល់ពេលទំនេរ ឬពេលនៅម្នាក់ឯងជាដើម ដើម្បីបំពេញក្ដីសុខឱ្យខ្លួន ឯង បំបាត់ភាពអផ្សុក
និងរាល់ពេលរង់ចាំនរណាម្នាក់ ឬរង់ចាំអ្វីមួយ។
សៀវភៅក្រៅជំនាញមិនធ្វើឱ្យពួកគេស្ត្រេសដូចសៀវភៅមេរៀននោះទេ តែវាធ្វើឱ្យពួកគេរីករាយ
ស្រស់ស្រាយ សប្បាយចិត្តនឹងអានទៅវិញ។ ដូច្នេះហើយទើបសិស្សខ្លះជ្រើសយកការអានសៀវភៅក្រៅជំនាញ
នៅពេលពួកគេស្ត្រេសនឹងការសិក្សា។ ការកំសាន្តដោយអានសៀវភៅ
ពិតជាវិធីដ៏ល្អបំផុតសម្រាប់អ្នកសិក្សាគ្រប់រូប។

3. ក្លាយជាមនុស្សពូកែអាន
ពេលខ្លះយើងពិតជាឆ្ងល់ថា
ហេតុអ្វីអ្នកខ្លះអានមេរៀនបានលឿន ឆាប់យល់ ឆាប់ចាប់បាន ខណៈអ្នកខ្លះប្រើពេលយូរជាង?
តើល្បឿននៃការអាន និងការយល់ អាស្រ័យនឹងអ្វីដែរទៅ?
តាមពិតទៅអ្នកដែលអានសៀវភៅមេរៀនបានលឿន
ហើយឆាប់យល់នោះ ជាអ្នកដែលចូលចិត្តអានសៀវភៅ
ពោលគឺពួកគេមានទម្លាប់អានសៀវភៅតាំងពីដើមមក។ សៀវភៅប្រភេទអ្វីក៏ដោយ
ឱ្យតែយើងអានជាប្រចាំ យូរៗទៅ យើងនឹងក្លាយជាអ្នកពូកែអាន គឺយើងនឹងអានទៅមុខបានលឿន។
ពេលយើងក្លាយជាអ្នកពូកែអានហើយ កុំថាឡើយសៀវភៅក្រៅជំនាញ
ទោះសៀវភៅមេរៀននៅសាលាក៏យើងអាចអានបានលឿន យល់លឿនជាងអ្នកដែលមិនចូលចិត្តអានដែរ។
ដូច្នេះការអានសៀវភៅក្រៅជំនាញ
មិនមែនគ្មានប្រយោជន៍នោះទេ។ ចូរបណ្ដុះទម្លាប់អានសៀវភៅ ទោះវាជាសៀវភៅប្រភេទអ្វីក៏ដោយ
ក៏មានគុណតម្លៃរបស់វាដែរ។ បើអ្នកមិនទាន់ចូលចិត្តអានសៀវភៅ គួរចាប់ផ្ដើមអានពីប្រភេទសៀវភៅដែលអ្នកចូលចិត្តជាមុនសិន។
ប៉ុន្តែត្រូវបែងចែកពេលវេលាឱ្យច្បាស់ថា ពេលណាត្រូវអានសៀវភៅមេរៀន
ពេលណាត្រូវអានសៀវភៅក្រៅជំនាញ ចៀសវាងការងប់ងល់ នឹងសៀវភៅក្រៅជំនាញ
ហើយភ្លេចសៀវភៅដែលត្រូវរៀនឱ្យសោះណា៕
ប្រភព៖
Mr. Ratha/OneSala