វិបត្តិនៃជំងឺកូវីដ19 បានធ្វើឱ្យសាលារៀននៃប្រទេសជាច្រើននៅលើពិភពលោកងាកមកចាប់យកការរៀនតាមប្រព័ន្ធអនឡាញជំនួសឱ្យការរៀននៅក្នុងថ្នាក់។
ជាក់ស្ដែងនៅប្រទេសកម្ពុជាយើងគ្រឹះស្ថានសិក្សាមួយចំនួនក៏បានអនុវត្តនូវការរៀនអនឡាញនេះដូចគ្នា។
ប៉ុន្តែសិស្សនិងនិស្សិតជាច្រើនបានលើកឡើងថា
ការសិក្សាតាមប្រព័ន្ធអនឡាញនេះមិនសូវមានប្រសិទ្ធភាពដូចការសិក្សាក្នុងថ្នាក់ជាមួយគ្រូដោយផ្ទាល់នោះទេ។
ជុំវិញបញ្ហានេះ យើងសូមបង្ហាញនូវគន្លឹះមួយចំនួនដើម្បីរៀនអនឡាញឱ្យមានប្រសិទ្ធភាពដូចរៀននៅក្នុងថ្នាក់ដូចខាងក្រោម៖
1. ត្រូវត្រៀមឱ្យបានរួចរាល់នូវថ្មទូរស័ព្ទ
ឬកុំព្យូទ័រ និងអ៊ីនធើណេតសម្រាប់ការរៀនអនឡាញចៀសវាងមានបញ្ហារអាក់រអួល
ជាហេតុធ្វើឱ្យខកខានដល់ការរៀនសូត្រ។

2. ត្រូវគោរពពេលវេលានៃការរៀនសូត្រ
តាមកាលវិភាគឱ្យបានត្រឹមត្រូវទោះបីជាយើងមិនទៅរៀននៅសាលាក៏ដោយ។

3. ត្រូវរកកន្លែងរៀនដែលសមរម្យ
ស្ងប់ស្ងាត់ អាចស្ដាប់គ្រូពន្យល់មេរៀនបានច្បាស់ និងអាចនិយាយជាមួយគ្រូវិញបាន។

4. ត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូ
កត់ត្រាចំណុចសំខាន់ៗ ដូចដែលយើងអង្គុយរៀននៅក្នុងថ្នាក់ ដែរ។

5. ត្រូវហ៊ានសួរគ្រូពេលមានចម្ងល់
ពោលគឺយើងត្រូវក្លាហាននិយាយជាមួយគ្រូតាមអនឡាញដូចដែលយើងនិយាយជាមួយគាត់នៅក្នុងថ្នាក់ដូចគ្នា។

ជារួម
យើងត្រូវតាំងចិត្តថា ការរៀនអនឡាញមិនខុសអ្វីពីការរៀននៅក្នុងថ្នាក់នោះទេ។
ទោះជាយើងមិនបានជួបលោកគ្រូអ្នកគ្រូដោយផ្ទាល់ក៏ដោយ
យើងនៅតែអាចប្រាស្រ័យទាក់ទងជាមួយគាត់តាមអនឡាញបានដូចគ្នា។ ការរៀនតាមអនឡាញពេលដំបូងៗ
យើងមិនទាន់ស៊ាំ ទើបចេះតែមានអារម្មណ៍ថា ពិបាកសម្របខ្លួន ប៉ុន្តែយូរទៅ
វានឹងក្លាយជាទម្លាប់ហើយដល់ពេលនោះយើងអាចនឹងចូលចិត្តរៀនតាមអនឡាញជាងរៀនក្នុងថ្នាក់ក៏ថាបាន។
បង្វឹកខ្លួនឯងក្នុងការរៀនតាមអនឡាញឱ្យមានប្រសិទ្ធភាពព្រោះនៅពេលខាងមុខយើងក៏អាចនឹងត្រូវរៀនតាមអនឡាញពីគ្រូក្រៅប្រទេសផងដែរ៕