ការរៀនសូត្រ ឬការធ្វើការក្ដី
វាទាមទារឱ្យយើងយកចិត្តទុកដាក់ មានអារម្មណ៍មូលល្អក្នុងការផ្ចង់ស្មារតី
ទើបលទ្ធផលបានល្អប្រសើរ។ មានមនុស្សមួយចំនួនបានលើកឡើងនូវក្ដីបារម្ភថា
ពួកគេពិបាកផ្ដោតអារម្មណ៍ក្នុងពេលកំពុងរៀន ឬពេលកំពុងធ្វើការណាស់។ អ្វីដែលពួកគេចង់ដឹងនោះគឺ
"តើគួរធ្វើយ៉ាងណាទើបអាចផ្ដោតអារម្មណ៍រៀនសូត្រ ឬធ្វើការបានល្អ?"
ឆ្លើយតបនឹងបញ្ហានេះ
យើងសូមណែនាំនូវវិធីមួយចំនួនដូចខាងក្រោមដែលអាចជួយអ្នកឱ្យផ្ដោតអារម្មណ៍បានល្អជាងមុន៖
1. រកកន្លែងស្ងប់ស្ងាត់
គ្មានការរំខាន

ការរៀនសូត្រជាមួយគ្រូក្នុងថ្នាក់ក្ដី
ការស្វ័យសិក្សាក្រៅថ្នាក់ដោយខ្លួនឯងក្ដី រមែងត្រូវការបរិយាកាសស្ងប់ស្ងាត់
ទើបយើងអាចឈ្វែងយល់ពីមេរៀនបានងាយ។ បើមានសំឡេងរំខាន
ច្បាស់ណាស់ថាយើងនឹងពិបាកផ្ដោតអារម្មណ៍លើការរៀនសូត្រ។ ដូច្នេះហើយ ចូររើសកន្លែងដែលស្ងាត់សម្រាប់ការរៀនសូត្រ។
ចំពោះអ្នកធ្វើការក្នុងការិយាល័យខ្លះ ឬធ្វើការ Freelance ជាអ្នកសរសេរ
ឬអ្នកនិពន្ធក្ដី ក៏ត្រូវការភាពស្ងប់ស្ងាត់ដូចគ្នា
លើកលែងតែការងារមួយចំនួនដែលត្រូវការប្រាស្រ័យទាក់ទងគ្នាឥតដាច់ ដូចជាការងារសិល្បៈ
ឬការថតកុនជាដើម។
2. ត្រូវបែងចែកពេលវេលាឱ្យច្បាស់លាស់

អ្នកខ្លះរៀនពីរសាលា ឬអាចរៀនផងធ្វើការផង
ឬក៏ធ្វើការច្រើនកន្លែង។ ការទទួលខុសត្រូវច្រើន អាចចោទជាបញ្ហា
បើយើងធ្វើការបែងចែកពេលវេលាមិនបានត្រឹមត្រូវ។
-
កំពុងអង្គុយរៀននៅសាលានេះ អារម្មណ៍កំពុងបារម្ភពីរឿង assignment ឬការប្រឡងនៅសាលានោះ ជួនកាលកំពុងរៀននៅសាលានេះសោះ
បែរលួចរំលឹកមេរៀននៅសាលាផ្សេងក៏មាន
-
ជួនការងារធ្វើមិនទាន់ឱ្យគេ ក៏មិនអាចផ្ដោតអារម្មណ៍រៀនសូត្របាន ហើយជួនជិតប្រឡង
ក៏មិនអាចផ្ដោតអារម្មណ៍ធ្វើការឱ្យគេបាន។
-
ធ្វើការច្រើនកន្លែង តែ deadline ដំណាលៗគ្នា
ធ្វើនេះមិនទាន់ ធ្វើនោះក៏មិនទាន់។
ទាំងអស់នេះសុទ្ធតែជាមូលហេតុដែលអាចធ្វើឱ្យយើងមិនអាចផ្ដោតអារម្មណ៍បានល្អក្នុងការរៀន
ឬការងារ។
គន្លឹះមួយសម្រាប់អ្នកដែលរវល់ពីរបីកន្លែងបែបនេះ
គឺត្រូវរៀនបែងចែកពេលវេលាឱ្យបានច្បាស់លាស់សម្រាប់កន្លែងនីមួយៗ
ឱ្យសមាមាត្រទៅនឹងទំហំនៃទំនួលខុសត្រូវទាំងកិច្ចការរៀនសូត្រ និងការងារ។
3. កុំរំខានខ្លួនឯង

បច្ចេកវិទ្យារីកចម្រើន
ផ្ដល់ភាពងាយស្រួលដល់ទំនាក់ទំនងរបស់មនុស្សមិនថាយើងស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណា។
ប៉ុន្តែការប្រើប្រាស់ទូរសព្ទដៃ បណ្ដាញសង្គម
ឬការកំសាន្តតាមអនឡាញនានាដោយមិនមានដែនកំណត់ ប្រើប្រាស់វាក្នុងម៉ោងរៀនសូត្រ ឬក្នុងម៉ោងធ្វើការដោយមិនចាំបាច់នោះ
ក៏អាចកាត់បន្ថយការផ្ដោតអារម្មណ៍របស់អ្នកផងដែរ។ ដូច្នេះអ្នកមិនគួរប្រើប្រាស់
Facebook, Instagram, Telegram ឬ Chat ក្នុងម៉ោងរៀន
ឬម៉ោងធ្វើការឡើយ បើមិនមានមូលហេតុចាំបាច់។

អ្នកខ្លះចូលចិត្តស្ដាប់ចម្រៀងពេលស្វ័យសិក្សា
ឬធ្វើការតែម្នាក់ឯង។ ចូរកត់សម្គាល់ដោយខ្លួនឯងថា ការស្ដាប់ចម្រៀងបណ្ដើរ
រៀនឬធ្វើការបណ្ដើរ អ្នកអាចផ្ដោតអារម្មណ៍បានល្អដែរទេ? បើការស្ដាប់ចម្រៀង
មិនចោទជាបញ្ហារំខានដល់អ្នកទេ អ្នកអាចបន្តធ្វើបាន ព្រោះវាអាស្រ័យនឹងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។
អ្នកត្រូវច្បាស់ថា អ្នកមិនធ្វើអ្វីដែលរំខានដល់ការផ្ចង់អារម្មណ៍របស់អ្នកក្នុងពេលរៀន
ឬពេលធ្វើការ។
4. ញ៉ាំឆ្អែត
&គេងគ្រប់គ្រាន់

ការបានបរិភោគអាហារឆ្អែត
ក៏ជាចំណែកមួយជួយឱ្យយើងអាចផ្ដោតអារម្មណ៍លើការរៀនសូត្រ និងការធ្វើការបានល្អផងដែរ។
នៅពេលយើងឃ្លាន ការផ្ចង់អារម្មណ៍នឹងត្រូវថយចុះ
ព្រោះខួរក្បាលរបស់យើងនឹងផ្ដោតលើភាពឃ្លានជំនួស។ ហេតុនេះមុនពេលរៀន ឬពេលធ្វើការ
ត្រូវញ៉ាំអាហារឱ្យបានឆ្អែតសិន តែមិនមែនឆ្អែតពេកដល់ថ្នាក់ងងុយគេងនោះឡើយ។
ការគេងបានគ្រប់គ្រាន់
ក៏ជាកត្តាសំខាន់ដែលជួយដល់ការផ្ដោតអារម្មណ៍របស់យើងដូចគ្នា។
បើយើងគេងមិនបានគ្រប់គ្រាន់ យើងនឹងងងុយក្នុងម៉ោងរៀន ឬក្នុងពេលធ្វើការ។ ការងងុយគេង
មិនអាចឱ្យយើងបង្ខំចិត្តផ្ចង់អារម្មណ៍បានឡើយ។ អ្នកខ្លះជ្រើសយកការញ៉ាំកាហ្វេ
ជាជំនួយដល់ការងងុយគេងប៉ុន្តែសម្រាប់អ្នកមិនចេះញ៉ាំកាហ្វេ
មានតែការគេងឱ្យបានគ្រប់គ្រាន់ប៉ុណ្ណោះទើបជាការប្រសើរ។
បើអ្នកបានអនុវត្តនូវវិធីខាងលើនេះរួចរាល់ហើយ
នៅតែមិនមានប្រសិទ្ធភាពទៀត វាប្រហែលដល់ពេលដែលអ្នកត្រូវសួរខ្លួនឯងឡើងវិញថា
"អ្នកស្រឡាញ់មុខវិជ្ជាដែលអ្នកកំពុងរៀន ឬការងារដែលអ្នកកំពុងធ្វើនេះដែរទេ?" ជួនកាលបញ្ហាមិនមែនមកពីការមិនអាចផ្ដោតអារម្មណ៍លើវាឡើយ
តែអាចមកពីអ្នកមិនបានស្រឡាញ់ជំនាញដែលអ្នករៀន ឬការងារដែលអ្នកធ្វើ
ទើបបណ្ដាលឱ្យអ្នកគ្មានទឹកចិត្តក្នុង
ការខំរៀន ឬការធ្វើការងារនោះ៕
ប្រភព៖ Mr.
Ratha/OneSala